ការជួបជុំគ្រួសារលើកទី១៖ លោក សិត រិទ្ធី ស្វែងរកឃើញអ្នកម្ដាយ និងប្អូនៗ

ក្ដីទន្ទឹងរង់ចាំរយៈពេលជាច្រើនឆ្នាំមកហើយ បានប្រែក្លាយជាការទៅជាពិតនៅក្នុងកម្មវិធី «នេះមិនមែនជាសុបិន» ដែលបានខិតខំជួយស្វែងរកក្រុមគ្រួសារ លោក សិត រិទ្ធី ដែលលោកបានបែកបាក់ជាងរយៈពេល១៣ឆ្នាំមកហើយ។ លោក សិត រិទ្ធី តែងតែនឹកស្រមៃថា ថ្ងៃណាមួយលោកនឹងបានជួបជុំជាមួយគ្រួសារ ជាពិសេសទៅទៀតនោះ លោកកាន់តែនឹករលឹកម្ដាយ និងបងប្អូននៅពេលដែលលោកជួបការលំបាក។ ប៉ុន្តែលោកមិនដែលមានសង្ឃឹមថា ក្ដីសុបិននេះអាចក្លាយទៅជាការពិតនោះទេ។
រឿងរ៉ាវ និងខ្សែជីវិតដ៏លំបាករបស់លោក សិត រិទ្ធី ត្រូវបានលាតត្រដាង ហើយធ្វើឱ្យទស្សនិកជនមានការរំភើប រំជើបរំជួលចិត្ត ក្ដុលក្ដួលនឹងមនោសញ្ចេតនាដ៏ជ្រៀលជ្រៅរបស់លោក នៅក្នុងកម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» កាល ពីថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០១០កន្លងទៅនេះ។ លោក សិត រិទ្ធី បានប្រកាសស្វែងរកម្ដាយឈ្មោះ មួង យឿន ដែលបានបែកគ្នាតាំងពីលោកមានអាយុ១៣ឆ្នាំ។ លោក សិត រិទ្ធី មានស្រុកកំណើតនៅភូមិរោងចក្រ ឃុំព្រៃជីក ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ឆ្នាំ១៩៩២ ឪពុករបស់លោក សិត រិទ្ធី បានទទួលមរណភាព។ កាលនោះលោកមានអាយុ៧–៨ ឆ្នាំ។ នៅពេលលោក សិត រិទ្ធី មានអាយុ១២ឆ្នាំ លោកក៏បានសុំម្ដាយទៅធ្វើការ ប៉ុន្តែម្ដាយលោកមិនព្រម លោកក៏រត់ចេញពីផ្ទះនៅពេលថ្ងៃត្រង់ដែលមានខោអាវ២សំរាប់។ ក្រោយពីរត់ចេញពីផ្ទះលោក សិត រិទ្ធី បានចេញដំណើរតែម្នាក់ឯងទៅទីរួមខេត្តបាត់ដំបងទៅធ្វើជាអ្នកលាង ឡានអស់រយៈពេល៣ខែ។ ឆ្នាំ១៩៩៨ លោកបានចាកចេញពីខេត្តបាត់ដំបងទៅធ្វើជាជាងសំណង់នៅឯទីក្រុង ភ្នំពេញអស់រយៈពេល២ខែ បន្ទាប់មកលោកក៏ត្រូវបានចេញបោកគេទៅធ្វើជាកម្មករទូកនេសាទ នៅខេត្តកោះកុងអស់រយៈពេល៥ខែ ជាសំណាងល្អលោកក៏បានត្រលប់មកធ្វើជាអ្នករត់ឡានឈ្នួលពី ភ្នំពេញទៅកំពង់ធំ ពីកំពង់ធំមកភ្នំពេញ លោកប្រកបរបរនេះអស់រយៈពេល៤ឆ្នាំ។ មកដល់ឆ្នាំ២០០៥ លោក សិត រិទ្ធី ក៏បានធ្វើដំណើរឆ្ពោះទៅខេត្តរតនគិរីរហូតដល់សព្វថ្ងៃ ពេលនោះលោកមានអាយុត្រឹម១៦ឆ្នាំ។ នៅបានរយៈពេល២ឆ្នាំ លោកក៏បានរៀបការជាមួយមេម៉ាយកូនមួយម្នាក់ ឈ្មោះ ទាម ដែលជាជនជាតិគ្រឹង។ លោកមានមុខរបរជាអ្នករកសត្វព្រៃ និងធ្វើស្រែចម្ការ។ ទោះបីជាការរស់នៅមានការលំបាកយ៉ាងណា ក៏លោកនៅតែតស៊ូក្នុងជីវិតដែលតែលតោលតែម្នាក់ជាយូរមកហើយ។ យ៉ាងណាមិញ បើទោះបីជាការរស់នៅសព្វថ្ងៃ លោករស់នៅក្នុងរង្វង់គ្រួសារមួយក្ដី ក៏នៅតែមិនអាចធ្វើឱ្យលោកបំភ្លេចការនឹករលឹកចំពោះម្ដាយ និងបងប្អូនជាទីស្រលាញ់ដែលបែកគ្នាជាយូរមកហើយ។ ភាពកក់ក្ដៅពីក្រុមគ្រួសារបានឃ្លាតឆ្ងាយពីលោកជាច្រើនឆ្នាំ ក្ដីនឹករលឹកកាន់តែច្រើន។ បន្ទាប់ ពីបានស្ដាប់បានការផ្សព្វផ្សាយពីភ្នាក់ងាររបស់ក្រុមហ៊ុន មិត្តហ្វូននៅខេត្តរតនៈគីរី អំពីកម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» លោកក៏សម្រេចចិត្តដាក់ពាក្យមកកម្មវិធីដើម្បីប្រកាសស្វែងរកក្រុមគ្រួសារ។
បន្ទាប់ពីបានទទួលពាក្យរបស់លោក សិត រិទ្ធី កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» បានខិតខំស្វែងរកគ្រួសាររបស់លោក សិត រិទ្ធី និងក្រោមកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាននៅស្រុកម៉ោងឫស្សី កម្មវិធីមនុស្សធម៌បានស្វែងរកឃើញក្រុមគ្រួសាររបស់លោក ១សប្ដាហ៍បន្ទាប់ពីការដាក់ពាក្យ។
សូមទស្សនាការជួបជុំគ្រួសាររបស់លោក សិត រិទ្ធី ដូចខាងក្រោម៖