លោកស្រី គុយ គីមអាន ស្វែងរកបងប្រុស គុយ ចាន់សុវ៉ាត់ឌី ប្អូនស្រី គុយ ចាន់ថា និងប្អូនប្រុស គុយ ចាន់ធី
កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“ សូមប្រកាសស្វែងរកលោក គុយ ចាន់សុវ៉ាត់ឌី ហៅ ដំរី លោកស្រី គុយ ចាន់ថា លោក គុយ ចាន់ធី លោកស្រី គុយ គីមបេ ដែលត្រូវជាបងប្អូនបង្កើតនិងបងជីដូនមួយ របស់លោកស្រី គុយ គីមអាន។ លោកស្រី មានឪពុកឈ្មោះ គុយ សន ម្ដាយឈ្មោះ សៅ វណ្ណា មានបងប្អូនបង្កើតចំនួន៥នាក់ ស្រី៣ ប្រុស២ គឺ៖ទី១ ឈ្មោះ គុយ ចាន់សុវ៉ាត់ឌី ហៅ ដំរី ទី២ ឈ្មោះ គុយ គីមអាន ទី៣ ឈ្មោះ គុយ ចាន់ថា ទី៤ ឈ្មោះ គុយ ចាន់ធី ទី៥ ឈ្មោះ គុយ ចន្ធូ ម្ដាយរបស់លោកស្រី មានបងប្អូនបង្កើតចំនួន៤នាក់។ មុនឆ្នាំ១៩៧២ គ្រួសាររបស់លោកស្រី គុយ គីមអាន គ្រួសារម្ដាយមីងទី៤ និងគ្រួសារម្ដាយមីងទី៦ រស់នៅជួបជុំគ្នាក្នុងផ្ទះមួយជិតសាលាក្រុងកំពង់សោម ដោយម្ដាយរបស់លោកស្រី ជាស្ត្រីមេផ្ទះ ចំណែកឪពុកវិញ បានស្លាប់តាំងពីបងប្អូនលោកស្រីនៅក្មេងៗ។ សម្រាប់ម្ដាយមីងទី៦ ប្រកបមុខរបរលក់ចាប់ហួយ ហើយស្វាមីរបស់គាត់ ធ្វើការនៅមន្ទីរហិរញ្ញវត្ថុ។ ចំណែកម្ដាយមីងទី៤ ស្វាមីរបស់គាត់ ជាអ្នកបើកបរឡាន។
លោកស្រីបានបែកពីក្រុមគ្រួសារកាលពីឆ្នាំ១៩៧២ នៅក្នុងក្រុងកំពង់សោម ដោយសារតែលោកស្រី ប្រឡងជាប់ឌីប្លូម ហើយលោកស្រី ក៏បានចាកចេញទៅសិក្សាបន្តទៅលើវិជ្ជាជីវៈកាត់ដេរនៅសាលារដ្ឋ Univercite Populaire នៅទីក្រុងភ្នំពេញ។ រហូតមកដល់ឆ្នាំ១៩៧៥ ក្នុងរបបខ្មែរក្រហម ក៏បានធ្វើឲ្យលោកស្រី បែកពីបងប្អូនរហូតមកដល់សព្វថ្ងៃ ដោយមិនទាន់ទទួលដំណឹងអ្វីនៅឡើយ។
កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន” សូមប្រកាសស្វែងរកលោក គុយ ចាន់សុវ៉ាត់ឌី ហៅ ដំរី លោកស្រី គុយ ចាន់ថា លោក គុយ ចាន់ធី លោកស្រី គុយ គីមបេ ដែលត្រូវជាបងប្អូនបង្កើតនិងបងជីដូនមួយ របស់លោកស្រី គុយ គីមអាន។ ប្រសិនបើ បងប្អូន សាច់ញាតិ ឬអ្នកដែលបានស្គាល់ បានឮដំណឹងប្រកាសនេះ សូមទំនាក់ទំនងមក កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“ តាម រយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ ។
កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“ ផ្ដល់សេវាកម្ម ឥតគិតថ្លៃ សម្រាប់ប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នា ដោយសារមូលហេតុផ្សេងៗ ជាច្រើនទៀតនៅក្រោយសម័យសង្គ្រាម។ សូមទំនាក់ទំនងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ព្រឹក និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទំនាក់ទំនងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន។