លោកស្រី យឹម នី ស្វែងរកលោក អ៊ុត សុផល និង អ៊ុត សាផន ត្រូវជាកូនប្រុសបង្កើត
កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“ សូមប្រកាសស្វែងរកលោក អ៊ុត សុផល និង អ៊ុត សាផន ដែលត្រូវជាកូនប្រុសបង្កើតរបស់លោកស្រី យឹម នី។ លោកស្រី យឹម នី មានស្វាមីឈ្មោះ អ៊ុត ឆោម និងមានកូនបង្កើតចំនួន៤នាក់ ទី១ លោកស្រី អ៊ុត បុប្ផា ទី២ លោកស្រី អ៊ុត សាផន ទី៣ លោក អ៊ុត សុផល ទី៤ លោកស្រី ឆោម មុំ។ មុនឆ្នាំ ១៩៧៥ ក្រុមគ្រួសាររបស់លោកស្រី យឹម នី រស់នៅផ្ទះខាងកើតស្ពានស្ទឹងមានជ័យ។ ហើយនៅខែមេសា ឆ្នាំ១៩៧៥ ក្រុមគ្រួសារលោកស្រី យឹម នី ត្រូវបានពួកប៉ុលពតជម្លៀសចេញពីស្ទឹងមានជ័យ ក្រុងភ្នំពេញ ទៅកាន់អង្គតាសោម(កំពង់កន្ទួត)។ កូនទី២ ឈ្មោះ អ៊ុត សាផន បានបែកពីម្ដាយនៅឆ្នាំ ១៩៧៩ អាយុប្រហែល ១៥ឆ្នាំ ដោយសារម្ដាយលោកបានឲ្យលោកទៅនៅជាមួយលោកចៅអធិការ វត្តខ្នុរ ព្រះនាម ឃុត នៅស្រុកកំពង់ថ្ម ខេត្តកំពង់ធំ។ ក្រោយមកទ័ពរំដោះម្នាក់ ងារជាអ្នកបើករថក្រោះ ពាក់សក្តិ៥ បានសុំឈ្មោះ អ៊ុត សាផន ពីលោកតាចៅអធិការវត្ត ធ្វើជាកូនចិញ្ចឹម។កូនទី៣ ឈ្មោះ អ៊ុត សុផល មានអាយុ ១៤ឆ្នាំ កាលពីឆ្នាំ១៩៧៥ បានបែកពីម្ដាយនៅពេលកំពុងតែជម្លៀសតាមផ្លូវទៅអង្គតាសោម ខេត្តតាកែវ។ ចាប់ពីពេលនោះមកលោកស្រី ក៏បានបាត់ដំណឹងពីលោក អ៊ុត សាផន និងលោក អ៊ុត សុផល រហូតមកដល់សព្វថ្ងៃ។
កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន” សូមប្រកាសស្វែងរកលោក អ៊ុត សុផល និង អ៊ុត សាផន ដែលត្រូវជាកូនប្រុសបង្កើតរបស់លោកស្រី យឹម នី។ ប្រសិនបើកូនៗទាំងពីរ សាច់ញាតិ ឬអ្នកដែលបានស្គាល់ បានឮដំណឹងប្រកាសនេះ សូមទំនាក់ទំនងមក កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“ តាម រយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ ។
កម្មវិធីមនុស្សធម៌ “នេះមិនមែនជាសុបិន“ ផ្ដល់សេវាកម្ម ឥតគិតថ្លៃ សម្រាប់ប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នា ដោយសារមូលហេតុផ្សេងៗ ជាច្រើនទៀតនៅក្រោយសម័យសង្គ្រាម។ សូមទំនាក់ទំនងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ ឬមកទំនាក់ទំនងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន។