ករណីលេខ ០៧៧ លោក លីម សុធី ស្វែងរកបងប្រុសឈ្មោះ លីម ផាន់នី
លោក លីម សុធី ៣៨ឆ្នាំ មានស្រុកកំណើតនៅសង្កាត់លេខ៥ រាជធានីភ្នំពេញ។ លោក មានឪពុកឈ្មោះ លីម សុផល ហៅ ថូវ ម្ដាយឈ្មោះ នីម ជ្រុយ និងបងប្អូន៥នាក់។ បងស្រីទី១ឈ្មោះ លីម ចាន់ថា បងប្រុសទី២ លីម ផាន់នី ហៅ ទ្រី បងស្រីទី៣ លីម សុវណ្ណ ហៅ ស៊្រន បងស្រីទី៤ឈ្មោះ លីម អូន លោក លីម សុធី ជាកូនទី៥។
ឆ្នាំ១៩៧៥ គ្រួសារលោក លីម សុធី បានជម្លៀសចេញពីក្រុងភ្នំពេញទៅនៅខេត្តក្រចេះ។ គ្រួសារលោក លីម សុធី រស់នៅជួបជុំគ្នាសុខសប្បាយរហូតដល់ ឆ្នាំ១៩៧៩ កងទ័ពចូលរំដោះ ក៏នាំគ្នាវិលមកនៅភ្នំពេញវិញ គឺនៅអូឡាំពិក។
ឆ្នាំ១៩៨២ លោក លីម ផាន់នី មានអាយុប្រហែល១៦ឆ្នាំ បានចេញទៅរកស៊ីរត់ពន្ធនៅជំរុំខាវអ៊ីដាង ទៅមកចេញចូលក្នុងគ្រួសារធម្មតា។ ក្រោយមកប្រធានជំរំខាវអ៊ីដាងបានប្រាប់លោក លីម ផាន់នី ឲ្យមកយករូបថតឪពុកម្ដាយដែលគាត់បានឃើញគេតាំងក្នុងជំរំដើម្បីចេញទៅប្រទេសទីបី គាត់ត្រលប់មកយករូបថតវិញនៅភ្នំពេញ។ ប្រធានជំរំផ្ដាំឲ្យជួបជាមួយនិងឈ្មោះ ផល ដែលជាអ្នកជិតខាង ដើម្បីហៅឲ្យទៅនៅជំរុំជាមួយគ្នា។ ពេលនោះឈ្មោះ ផល និង លីម ផាន់នី ក៏បានធ្វើដំណើរទៅជំរុំទាំងពីរនាក់ក្នុងឆ្នាំ១៩៨២ ហើយក៏បានបាត់ដំណឹងរហូតមកដល់បច្ចុប្បន្ន។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរកលោក លីម ផាន់នី ដែលបានបែកគ្នានៅឆ្នាំ១៩៨២ ។ ប្រសិនបើ លោក លីម ផាន់នី បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទាក់ទងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាមរយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀត នៅក្រោយសម័យសង្គ្រាម។ សូមទាក់ទងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទាក់ទងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕