ករណីលេខ ០៦៤ លោកស្រី ខឿន វណ្ណា ស្វែងរកក្រុមគ្រួសារ
លោកស្រី ខឿន វណ្ណា អាយុ ៤២ឆ្នាំ មានស្រុកកំណើតនៅភ្នំពេញ។លោកស្រីមានឪពុកឈ្មោះ ខឿន ម្ដាយឈ្មោះ សាយ មានបងប្អូន២នាក់។ លោកស្រី ខឿន វណ្ណា ជាកូនទី១ ប្អូនប្រុសទី២ឈ្មោះ ខឿន វុត្ថា។
ឆ្នាំ១៩៧៥ ក្រុមគ្រួសារ លោកស្រី ខឿន វណ្ណា ត្រូវគេជម្លៀសចេញពីទីក្រុងភ្នំពេញទៅកាន់ភូមិស្វាយព្រៃ។ ក្រោយមកក៏បានប្ដូរចេញពីភូមិស្វាយព្រៃ ទៅកាន់ភ្នំលាច ហើយបាននៅភ្នំលាចរហូតដល់ឆ្នាំ១៩៧៩។
នៅឆ្នាំ១៩៧៩ នៅពេលកងទ័ពវៀតណាមបានរំដោះប្រទេស ក្រុមគ្រួសារលោកស្រី ខឿន វណ្ណា បានធ្វើដំណើរចេញពីភ្នំលាច ដោយនៅតាមផ្លូវក្រុមគ្រួសារលោកស្រីមានគោមួយនឹមសម្រាប់អូសរទេះពួកគាត់។ នៅពេលធ្វើដំណើរតាមផ្លូវ ក៏បានជួបកងទ័ពរំដោះ ពេលនោះក្រុមគ្រួសារលោកស្រីបានឈប់សម្រាកនៅទីនោះ។ គោក្រុមគ្រួសារលោកស្រីបានងាប់មួយក្បាលនៅសល់មួយក្បាល។ ក្រោយមកក៏បានធ្វើដំណើរចេញពីទីនោះទៅមុខទៀត លោកស្រីជាអ្នកកាន់ខ្សែគោ ពេលដើរដល់ពេលថ្ងៃល្ងាចណាស់ទៅហើយប្រហែលជាម៉ោងប្រាំ លោកស្រីក៏បានស្រែកប្រាប់ទៅម្ដាយលោកស្រីថា ល្ងាចហើយយើងសម្រាកនៅទីនោះសិនម៉ែ។ ចំណែកឯម្ដាយរបស់លោកស្រីកំពុងតែដើរ និងបានពរប្អូនក្នុងដៃ បានឆ្លើយមកវិញថា កន្លែងនេះមានមនុស្សច្រើនណាស់ ពិបាកចងគោទៅមុខបន្តិចទៀតទៅ ពេលនោះលោកស្រីក៏បានវង្វេងបែកពីក្រុមគ្រួសាររហូតមកដល់សព្វថ្ងៃ។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរកលោកស្រី សាយ និងលោក ខឿន វុត្ថា ដែលបានបែកគ្នានៅឆ្នាំ១៩៧៩ ។ ប្រសិនបើ លោកស្រី សាយ និងលោក ខឿន វុត្ថា បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទាក់ទងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាមរយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀត នៅក្រោយសម័យសង្គ្រាម។ សូមទាក់ទងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទាក់ទងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕