ករណី​លេខ ០៨១ លោក ម៉ឺន ផាន ស្វែងរក​បងប្រុស​ឈ្មោះ ម៉ឺន ផន

62

លោក ម៉ឺន ផាន អាយុ ៤៨ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​ត្រពាំឈើទាល ឃុំ​គូស ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ លោក មាន​ឪពុក​ឈ្មោះ សួន ថេង ម្ដាយ​ឈ្មោះ ច័ន្ទ សេម និង​បងប្អូន៣នាក់។ បងប្រុស​ទី១ឈ្មោះ ម៉ឺន ឆុំ បងប្រុស​ទី២​ឈ្មោះ ម៉ឺន ផន លោក ម៉ឺន ផាន ជា​កូន​ទី៣។

ក្រុម​គ្រួសារ​​លោក ម៉ឺន ផាន រស់នៅ​ជួបជុំ​គ្នា ប៉ុន្តែ​ក្រោយ​ពី​ម្ដាយ​ស្លាប់​ទៅ បងប្អូន​ទាំង​បី​នាក់ បាន​រស់នៅ​បែក​គ្នា ព្រោះ​ឪពុក​ធ្វើជា​ទា​ហាន ទើប​មិន​បាន​នៅ​ថែរក្សា​កូន​ទាំង​បី។ លោក ម៉ឺន ផាន ចាំ​បាន​ថា​រូប​គាត់​នៅ​ជាមួយ​ឈ្មោះ អ៊ំ ឡុង រស់នៅ​ខេត្ត​ពោធិ៍សាត់ ហើយ​បងប្រុស​ទី១ ម៉ឺន ឆុំ និង​បងប្រុស​ទី២ ម៉ឺន ផន នៅ​ជាមួយ​គេ​នៅ​ឯ​ខេត្ត​បាត់ដំបង​ម្នាក់ និង​ម្នាក់​ទៀត​នៅ​ឯ​ខេត្ត​ពោធិ៍សាត់​។

ឆ្នាំ១៩៧៥ លោក ម៉ឺន ផាន បាន​ចូល​ធ្វើ​ជា​កង​កុមារ​ក្នុង​សម័យ​ប៉ុលពត។ លោក​បាន​ចូល​ជា​កងកុមារ​​បាន​មួយ​ឆ្នាំ លោក​​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ធ្វើ​ជា​កងឈ្លប របស់​ពួក​ប៉ុលពត​រហូត​ដល់​ឆ្នាំ​១៩៧៩។ នៅ​ឆ្នាំ១៩៧៩​ដដែល​នោះ លោក​​បាន​ជួប​ជាមួយ​និង​ឪពុក ហើយ​ក៏​បាន​ជួប​បង​ទី២ គឺ​លោក ម៉ឺន ផន នៅ​ភូមិ​តាឡូ ឃុំ​តាឡូ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់។ លោក​ក៏​បាន​នាំ​ឪពុក និង​បងប្រុស​ទី២​មក​នៅ​ភូមិ​អន្លង់ហាត់ ឃុំ​ផ្ទះព្រៃ ស្រុក​សំពៅមាស ខេត្ត​ពោធិ៍សាត់។ អ្នក​ភូមិ​នៅ​ភូមិ​អន្លង់ហាត់​នេះ ភាគ​ច្រើន​រកស៊ី នៅ​ស្រុក​អូរជ្រៅ ហើយ​បងប្រុស​លោក ម៉ឺន ផន​ ក៏​ទៅ​រកស៊ី​នៅ​អូរជ្រៅ​ដូច​អ្នក​ភូមិ​ដទៃ​​ទៀត​ដែរ។ ទៅ​រកស៊ី​បាន​បី​ជើង ស្រាប់​តែ​លោក ម៉ឺន ផន មិន​អាច​វិលមកវិញ​បាន ព្រោះ​គេ​បិទ​ផ្លូវ ហើយ​តាំង​ពី​ពេល​នោះ​មក​បាត់​ដំណឹង​រហូត។

​​កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» សូម​ប្រកាស​ស្វែងរក​លោក ម៉ឺន ផន ដែល​បាន​បែក​គ្នា​នៅ​ឆ្នាំ​១៩៧៩ ប្រសិន​បើ​​លោក ម៉ឺន ផន បាន​​ឃើញ​​​​ការ​ប្រកាស​​ស្វែងរក​ ឬ​​លោក​​អ្នក​ដែល​បាន​​ដឹង​ដំណឹង​​​នេះ សូម​ទាក់ទង​​​មក​ កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» តាម​រយៈ​ទូរស័ព្ទ​លេខ ០៩៧៥ ០៩៧ ០៩៧។

កម្មវិធី​មនុស្សធម៌ «នេះ​មិនមែន​ជា​សុបិន» ផ្ដល់​សេវាកម្ម ឥតគិតថ្លៃ​ជូន​​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្វែងរក​ សាច់ញាតិ ដែល​បាន​បែក​គ្នា​​​ក្នុង​សម័យ​សង្គ្រាម ឬ​បាន​​បែក​គ្នា​ដោយសារ​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត ​នៅ​ក្រោយ​​សម័យ​សង្គ្រាម។ សូម​​ទាក់ទង​​មក​​កម្មវិធី​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់​ម៉ោង​ធ្វើការ​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃសុក្រ វេលា​ម៉ោង​៨ដល់១២​ថ្ងៃ​ត្រង់ និង​ម៉ោង​២​ដល់​ម៉ោង​៥​ល្ងាច ឬ​មក​ទាក់ទង​ដោយ​ផ្ទាល់​នៅ​អគ្គនាយកដ្ឋាន​​វិទ្យុ​ និង​​ទូរទស្សន៍​​បាយ័ន៕