លោក ហង្ស សីហា ភេទប្រុស អាយុ ២៦ឆ្នាំ មានលោកឪពុកឈ្មោះ អ៊ុន ហេងនិងអ្នកម្ដាយឈ្មោះ ហង្ស ស៊ីយឿត ។ មុនឆ្នាំ១៩៧៥ លោកស្រី ហង្ស ស៊ីយឿត ព្រមទាំងក្រុមគ្រួសាររស់នៅក្នុងភូមិគារ៣ ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ លោកឪពុកអ្នកម្ដាយរបស់លោកស្រី ហង្ស ស៊ីយឿតបានស្លាប់នៅក្នុងសម័យសង្គ្រាម ។ ក្រោយពេលប្រទេសមានសន្ដិភាព លោកស្រី ហង្ស ស៊ីយឿត បានរត់ទៅនៅជំរុំសាយធូ ជាមួយបងស្រីឈ្មោះ ហង្ស ស៊ីយឿន។ រស់នៅទីនោះ លោកស្រី ហង្ស ស៊ីយឿតបានរៀបការជាមួយលោក អ៊ុន ហេង និងទទួលបានកូនប្រុសម្នាក់។ ចំណងអាពាហ៍ពិពាហ៍នេះមិនបានស្ថិតស្ថេរយូរនោះទេ។ លោក អ៊ុន ហេង បានចាកចេញទៅរស់នៅក្នុងជំរំមួយផ្សេងទៀត។ ចាប់តាំងពីពេលនោះមក លោកស្រី ហង្ស ស៊ីយឿត និងកូនប្រុសបានបាត់ដំណឹងលោក អ៊ុន ហេងរហូតមកដល់បច្ចុប្បន្ន។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរកលោក អ៊ុន ហេង ដែលបានបែកគ្នានៅក្នុងឆ្នាំ១៩៨៦។ ប្រសិនបើ លោក អ៊ុន ហេង បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទំនាក់ទំនងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាម រយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀត នៅក្រោយសម័យសង្គ្រាម។ សូមទំនាក់ទំនងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទំនាក់ទំនងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕