លោក សួន សំណាងពលី មានលោកឪពុកឈ្មោះ សួន សៀន អ្នកម្ដាយឈ្មោះ សាម នាង និងមានបងប្អូនចំនួន៥នាក់។ លោក សួន សំណាងពលី ជាកូនទី១ កូនទី២ឈ្មោះ សួន សំណារ៉េត កូនទី៣ឈ្មោះ សួន សម្បត្តិ កូនទី៤ឈ្មោះ សួន សំណាវុធ និងកូនទី៥ឈ្មោះ សួន ស្រី។ លោកឪពុកមានមុខរបរជាទាហាន ចំណែកអ្នកម្ដាយបម្រើការនៅធនាគារជាតិ។
កាលសម័យ លន់នល់ គ្រួសាររបស់លោក សួន សំណាងពលី រស់នៅ ម្ដុំពោធិចិនតុង ទីក្រុងភ្នំពេញ។ លោក សួន សំណាងពលី មានពូបង្កើតម្នាក់ឈ្មោះ គូ ។ លោកពូ គូ មានមុខរបរជាអ្នកបើកយន្តហោះប្រដេញនៅសម័យលន់នល់។ លោក សួន សំណាងពលី មិនចាំថា ម្ដាយឪពុករបស់លោកមានបងប្អូនបង្កើតចំនួនប៉ុន្មាននាក់នោះទេ ព្រោះពេលនោះគាត់នៅតូចពេក ។
ឆ្នាំ១៩៧៥ ប៉ុលពតបានជម្លៀសគ្រួសាររបស់លោកចេញពីទីក្រុងភ្នំពេញ។ ចំណែកសាច់ញាតិខាងលោកឪពុកនិងអ្នកម្ដាយមិនត្រូវបានជម្លៀសចេញទៅជាមួយទេគ្រួសាររបស់លោកនោះទេ។ ចាប់ពីពេលនោះមក លោក សួន សំណាងពលី បានបាត់ដំណឹងពីសាច់ញាតិ រហូតមកដល់ពេលសព្វថ្ងៃ ។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរកសាច់ញាតិខាងឪពុកម្ដាយ របស់លោក សួន សំណាងពលី ដែលបានបែកគ្នានៅក្នុងឆ្នាំ១៩៧៥។ ប្រសិនបើ លោក គូ និងសាច់ញាតិខាងឪពុកម្ដាយរបស់លោក បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទំនាក់ទំនងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាម រយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀត នៅក្រោយសម័យសង្គ្រាម។ សូមទំនាក់ទំនងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទំនាក់ទំនងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕