លោក តឹក ទ្រី មានលោកឪពុកឈ្មោះ ក្វា តឹក អ្នកម្ដាយឈ្មោះ តាំង សុហេង និងមានបងប្អូនចំនួន៥នាក់។ បងប្រុសទី១ឈ្មោះ តឹក ម៉េង លោក តឹក ទ្រី ជាកូនប្រុសទី២ ប្អូនស្រីទី៣ឈ្មោះ តឹក អេង ប្អូនប្រុសទី៤ឈ្មោះ តឹក ហ៊ុយ និងប្អូនពៅ មិនចាំឈ្មោះ ។
មុនឆ្នាំ១៩៧៥ លោកឪពុកប្រកបរបរជាពេទ្យព្យាបាលជំងឺ អ្នកម្ដាយជាអ្នកលក់ត្រីក្នុងផ្សារប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជន រួមទាំងគ្រួសាររបស់លោក តឹក ទ្រីចេញពីស្រុកអូរជ្រៅទាំងអស់។ ប្អូនពៅ មិនចាំឈ្មោះ បានស្លាប់ដោយសារតែជំងឺ។ ក្រោយមក អ្នកម្ដាយតាំង សុហេង ក៏បានស្លាប់នៅទីនោះដែរ ដោយសារអត់អាហារបរិភោគ។ ចុងឆ្នាំ១៩៧៦ បងប្រុសឈ្មោះ តឹក ម៉េង ក៏បានស្លាប់ដោយសារតែជំងឺដែរ។ លោក តឹក ទ្រី ត្រូវគេហៅចូលកងចល័តកុមារម្នាក់ឯង ចំណែកឪពុក និងប្អូនប្រុសស្រី មកនៅក្នុងសហករណ៍ភូមិក្ដុលតាហែន ខេត្តបាត់ដំបងដដែល។
ឆ្នាំ១៩៧៩ កងទ័ពចូលរំដោះមានភាពច្របូកច្របល់ លោក តឹក ទ្រី ក៏រត់តាមអ្នកភូមិមកនៅចុងអាងសង្កែវា ឃុំបវិល ខេត្តបាត់ដំបង។ ចំណែកឪពុក និងបងប្អូនទៅនៅក្នុងភូមិកំពង់ភ្នៅ ឃុំបវិល ដែលនៅជិតគ្នា។ លោក តឹក ទ្រី ទៅមករកឪពុក និងប្អូនៗជាធម្មតា។ ប្រហែលជា៣ទៅ៤ខែក្រោយមក លោកបានទៅរកឪពុក ប៉ុន្តែមិនបានជួបទេ។ ចាប់ពីពេលនោះមក លោក តឹក ទ្រី បានបាត់ដំណឹងលោកឪពុក និងប្អូនប្រុសស្រីរហូតមកដល់សព្វថ្ងៃ។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរកលោក ក្វា តឹក លោកស្រី តឹក អេង និងលោក តឹក ហ៊ុយ ដែលបានបែកគ្នានៅក្នុងឆ្នាំ១៩៧៩។ ប្រសិនបើ លោក ក្វា តឹក លោកស្រី តឹក អេង និងលោក តឹក ហ៊ុយ បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទំនាក់ទំនងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាម រយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀត នៅក្រោយសម័យសង្គ្រាម។ សូមទំនាក់ទំនងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទំនាក់ទំនងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕