លោក ហេង ហិម៉ាលី ហៅលីន មានលោកឪពុកឈ្មោះ ហេង ទូច អ្នកម្ដាយឈ្មោះ ឡាច សារុន និងមានបងប្អូនចំនួន៣នាក់ គឺបងស្រីទី១ឈ្មោះ ហេង ខារ៉ានី ហៅឡៃ លោក ហេង ហិម៉ាលី ហៅលីន ជាកូនប្រុសទី២ និងប្អូនស្រីទី៣ឈ្មោះ ហេង ចរិយា ហៅឡា។ មុនឆ្នាំ១៩៧០ គ្រួសារលោក ហេង ហិម៉ាលី រស់នៅជុំគ្នានៅមុខរោងកុន កំពូលពេជ្រ ទីក្រុងភ្នំពេញ។ លោកឪពុកបម្រើការនៅឧតុនិយម នៅម្ដុំពោធិចិនតុង។ ក្រោយមកក្នុងឆ្នាំ១៩៧០ លោកឪពុកបានចូលបម្រើការជាទាហាននៅបន្ទាយនៅម្ដុំពោធិចិនតុង និងបានប្ដូរមករស់នៅម្ដុំពោធិចិនតុងវិញដែរ។
ក្រោយមកទៀត លោកឪពុកអ្នកម្ដាយបានលែងលះគ្នា ចំណែកកូនៗទាំងអស់បានទៅរស់នៅជាមួយអ្នកម្ដាយ។ ឆ្នាំ១៩៧១ ម្ដាយលោកបានត្រឡប់ទៅរស់នៅស្រុកកំណើតឯភូមិចុងថ្នល់ ឃុំបារាយណ៍ ស្រុកទ្រាំង ខេត្តតាកែវវិញ។ បងស្រីទី១ឈ្មោះ ហេង ខារ៉ានី ហៅឡៃ និងប្អូនស្រីទី៣ឈ្មោះ ហេង ចរិយា ហៅឡា បាននាំគ្នាជិះ យន្តហោះមកទីក្រុងភ្នំពេញដើម្បីមកសួរសុខទុក្ខលោកឪពុក ចំណែកលោក ហេង ហិម៉ាលីរស់នៅជាមួយម្ដាយមីង និងឪពុកមា ក្នុងខេត្តតាកែវដដែល។ ចាប់តាំងពីនោះ លោក ហេង ហិម៉ាលី បានបែកពីលោកឪពុក បងស្រី និងប្អូនស្រីរហូតដល់បច្ចុប្បន្ន ។
ក្រុមការងារ នៃកម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» បានស្រាវជ្រាវរកឃើញលោកស្រី ហេង ញឹប ដែលត្រូវជាម្ដាយមីង និងជាប្អូនស្រីរបស់លោកឪពុក ដែលកំពុងតែរស់នៅក្នុងខេត្តព្រៃវែង។
សូមទស្សនាវីដេអូជួបជុំរបស់លោក ហេង ហិម៉ាលី ដូចខាងក្រោម!