លោក គង់ វណ្ណដារ៉ា ហៅង៉ា មានលោកឪពុកឈ្មោះ គង់ សាបុង អ្នកម្ដាយឈ្មោះ តូច រឺន និងមានបងប្អូនបង្កើតសរុបទាំងអស់ចំនួន១១នាក់ បងប្រុសទី១ឈ្មោះ គង់ សារ៉ាផាត់ ហៅចឺម បងប្រុសទី១ឈ្មោះ គង់ សារ៉ាភី ហៅក្អិត បងស្រីទី៣ឈ្មោះ គង់ ដាវ៉ារី ហៅក្អាត បងស្រីទី៤ឈ្មោះ គង់ ដាវ៉ាន់ណា ហៅខ្វិត លោក គង់ វណ្ណដារ៉ា ហៅ ង៉ា ជាកូនប្រុសទី៥ ប្អូនស្រីទី៦ឈ្មោះ គង់ ដាវ៉ាន់ណី ហៅណី ប្អូនប្រុសទី៧ឈ្មោះ គង់ គន់ធី ហៅធី ប្អូនប្រុសទី៨ឈ្មោះ គង់ ភារម្យ ហៅភារម្យ ប្អូនស្រីទី៩ឈ្មោះ គង់ គន់ទូច ប្អូនប្រុសទី១០ឈ្មោះ គង់ ត្រសុំ និងប្អូនប្រុសទី១១ឈ្មោះ គង់ ត្រសុះ។ មុនឆ្នាំ១៩៧៥ ក្រុមគ្រួសារលោក គង់ វណ្ណដារ៉ា ហៅង៉ា រស់នៅជុំគ្នា នៅភូមិស្វាយពពែ សង្កាត់គីឡូលេខ៧ ខណ្ឌចំការមន ក្រុងភ្នំពេញ។ លោកឪពុកប្រកបរបរជាបុគ្គលិកក្រុមហ៊ុនដំឡើងឡាន World Vegen ចំណែកអ្នកម្ដាយឈ្មោះ តូច រឺន ជាមេផ្ទះ។
ក្នុងឆ្នាំ១៩៧៣ បងប្រុសទី២ឈ្មោះ គង់ សារ៉ាភី ហៅ ក្អិត បានទៅរស់នៅខេត្តបាត់ដំបង ជាមួយម្ដាយមីងខាងម្ដាយឈ្មោះ តូច រឿន។ ឆ្នាំ១៩៧៤ លោក គង់ វណ្ណដារ៉ា ហៅង៉ា បានផ្លាស់ពីសាលាស្វាយពពែទៅរៀននៅសាលាចាក់អង្រែវិញ ដោយស្នាក់នៅក្នុងវត្ត។ ពេលណាដែលទំនេរពីការសិក្សា លោកបានមកលេងផ្ទះម្ដងម្កាលដែរ។ ឆ្នាំ១៩៧៥ ប៉ុលពតបានជម្លៀសលោក គង់ វណ្ណដារ៉ា ហៅង៉ា ចេញពីទីក្រុងភ្នំពេញ។ លោក គង់ វណ្ណដារ៉ាមិនអាចត្រឡប់ទៅស្វែងរកលោកឪពុកអ្នកម្ដាយ និងបងប្អូនដែលកំពុងតែរស់នៅឯម្ដុំវត្តស្វាយពពែ ហើយក៏បានបាត់ដំណឹងគ្រួសាររហូត។
ក្រុមការងារ នៃកម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» បានស្រាវជ្រាវរកឃើញអ្នកម្ដាយ តូច រឺន និងបងប្អូនចំនួន៩នាក់ផ្សេងទៀត ដែលកំពុងតែរស់នៅក្នុងខេត្តបាត់ដំបង។ តាមពិត លោក គង់ វណ្ណដារ៉ា មានបងប្អូនទាំងអស់ចំនួន១២នាក់ ព្រោះអ្នកម្ដាយបានផ្ដល់កំណើតដល់កូនប្រុសទី១២ឈ្មោះ គង់ រិទ្ធី ម្នាក់ទៀត ក្រោយពេលបាត់ដំណឹងលោក គង់ វណ្ណដារ៉ា។
សូមទស្សនាវីដេអូជួបជុំរបស់លោក គង់ វណ្ណដារ៉ា ដូចខាងក្រោម!