លោក ឆោម ឆវ័ន ហៅប្រុស មានលោកឪពុកអ្នកម្ដាយមិនចាំឈ្មោះ និងមានបងប្អូនចំនួន៣នាក់ គឺបងស្រីទី១ឈ្មោះ មុំ លោក ឆោម ឆវ័ន ហៅប្រុស ជាកូនប្រុសទី២ ប្អូនស្រីទី៣ឈ្មោះ ខ្នា ប្អូនប្រុសទី៤ឈ្មោះ រិទ្ធ និងប្អូនទី៥មិនចាំឈ្មោះ។ មុនឆ្នាំ១៩៧៥ គ្រួសាររបស់លោក ឆោម ឆវ័ន រស់នៅក្នុងខេត្តកំពត ដោយមានលោកឪពុកធ្វើជាទាហាន។ ក្រោយមក លោកឪពុករបស់លោក ឆោម ឆវ័ន ត្រូវគេផ្លាស់ឲ្យមកបម្រើការនៅអ្នកលឿង ខេត្តកណ្ដាល។
លោកស្រី គីនីន ដែលត្រូវបងស្រីរបស់អ្នកម្ដាយលោក ឆោម ឆវ័ន ក៏បានផ្លាស់មករស់នៅម្ដុំអ្នកលឿងដែរ។ ក្រោយមក លោកឪពុករបស់លោក ឆោម ឆវ័ន ត្រូវរបួសដោយសារគ្រាប់ផ្លោង ហើយត្រូវបញ្ជូនទៅព្យាបាលនៅទីក្រុងភ្នំពេញ។ អ្នកម្ដាយបានយកបងស្រីទី១ និងប្អូនចំនួន៣នាក់ទៅជាមួយ ដោយទុកឱ្យលោក ឆោម ឆវ័នរស់នៅជាគ្រួសារអ៊ំស្រី គីនីន។ លោក ឆោម ឆវ័ន ព្រមទាំងគ្រួសារអ៊ំស្រី គីនិន ត្រូវជម្លៀសចេញទៅរស់ក្នុងខេត្តព្រៃវែង និងបន្តទៅខេត្តបាត់ដំបង។ ឆ្នាំ១៩៧៩ ពេលប្រទេសត្រូវបានរំដោះ គ្រួសារអ៊ំស្រីគីនីន និងលោក ឆោម ឆវ័ន បានធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញ។ នៅតាមផ្លូវធ្វើដំណើរ លោក ឆោម ឆវ័ន បានវង្វេងបែកពីគ្រួសារអ៊ំស្រី គីនិន ដោយសារតែមានមនុស្សធ្វើដំណើរយ៉ាងច្រើនកកកុញ។
ក្រុមការងារ នៃកម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» បានស្រាវជ្រាវរកឃើញបងប្រុសជីដូនមួយឈ្មោះ ឃូ តារា ដែលត្រូវជាកូនប្រុសរបស់អ៊ំស្រី គីនិន ដែលកំពុងតែរស់នៅក្នុងខេត្តកោះកុង។ តាមពិតលោក ឆោម ឆវ័ន មានឈ្មោះកំណើតថា គឹម សុផាត ហៅប្រុស។
សូមទស្សនាវីដេអូជួបជុំរបស់លោក ឆោម ឆវ័ន ដូចខាងក្រោម!