លោក សិត សុវណ្ណារ៉ា មានលោកឪពុកឈ្មោះ សិត ថា អ្នកម្ដាយឈ្មោះ ឡា ដា និងមានបងប្អូនចំនួន៣នាក់។ លោក សិត សុវណ្ណារ៉ា ហៅ តូ ជាកូនទី១ ប្អូនប្រុសទី២ឈ្មោះ សិត ធី ហៅ រី និងប្អូនប្រុសទី៣មិនចាំឈ្មោះ ។ លោក សិត សុវណ្ណារ៉ា ចាំបានថាលោកឪពុកមានទីកន្លែងកំណើតនៅទួលគោក ក្រុងភ្នំពេញ។ លោកឪពុកប្រកបរបរជាគ្រូបង្រៀននៅវិទ្យាល័យទួលគោក ចំណែកអ្នកម្ដាយជាអ្នកលក់ស្ករស។
ក្នុងអំឡុងឆ្នាំ១៩៧៤-១៩៧៥ គ្រួសារលោក សិត សុវណ្ណារ៉ា រស់នៅទីក្រុងភ្នំពេញ។ ថ្ងៃមួយ លោក សុវណ្ណារ៉ា បានរត់ដួលមុតដៃខាងក្រោមក្លៀកឆ្វេងនឹងអំបែងកែវ ក្រោយមក ម្ដាយបានបញ្ជូនកូនទាំងពីរគឺ លោក សិត សុវណ្ណារ៉ា និង លោក សិត ធី មករស់នៅជាមួយលោកយាយឈ្មោះ មួន នៅឯផ្ទះទួលគោក ទីក្រុងភ្នំពេញដើម្បីព្យាបាលរបួស ដោយម្ដាយបានសន្យាជាមួយនឹងកូនប្រុសទាំងពីរថានឹងមកយកអ្នកទាំងពីរពីលោកយាយ មួនទៅមើលថែវិញ។ ឆ្នាំ១៩៧៥ ប៉ុលពតបានជម្លៀសប្រជាជនកម្ពុជាចេញពីទីក្រុង រួមទាំងលោក សិត សុវណ្ណារ៉ា និង លោក សិត ធី ដែលធ្វើឲ្យលោកបានបែកពីគ្រួសាររហូតមកដល់សព្វថ្ងៃ។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរក លោក សិត ថា លោកស្រី ឡា ដា និងប្អូនប្រុសទី៣មិនបានចាំឈ្មោះ ដែលបានបែកគ្នានៅក្នុងឆ្នាំ១៩៧៥។ ប្រសិនបើ លោក សិត ថា លោកស្រី ឡា ដា និង ប្អូនប្រុសទី៣មិនបានចាំឈ្មោះ បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទំនាក់ទំនងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាម រយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀត នៅក្រោយសម័យសង្គ្រាម។ សូមទំនាក់ទំនងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទំនាក់ទំនងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕