លោកស្រី អៀម បូលីវ៉ា មានលោកឪពុកឈ្មោះ ម៉ែន ឌី អ្នកម្ដាយឈ្មោះ ពេជ្រ សារុន និងមានបងប្អូនចំនួន៤នាក់ គឺលោកស្រី អៀម បូលីវ៉ា ជាបងស្រីទី១ ប្អូនប្រុសទី២ ឈ្មោះ អៀម បូវណ្ណារ៉ាក់ ហៅប្រុស ប្អូនស្រីទី៣ ឈ្មោះ អៀម ផល្លា និងប្អូនស្រីទី៤ ឈ្មោះ អៀម សុភ័ក្រវត្តី។ លោកឪពុកអ្នកម្ដាយ និងបងប្អូនរស់នៅក្នុងខេត្តកំពង់សោម ដោយលោកឪពុកធ្វើជាទាហានជើងទឹកនៅក្នុងបន្ទាយរាម ចំណែកលោកស្រី អៀម បូលីវ៉ា បានទៅរស់នៅជាមួយក្រុមគ្រួសាររបស់លោកតា ពេជ្រ គិត នៅសង្កាត់ទួលស្វាយព្រៃ ក្រុងភ្នំពេញ។ ឆ្នាំ១៩៧១ លោកស្រី អៀម បូលីវ៉ា បានទៅរស់នៅជាមួយលោកឪពុកអ្នកម្ដាយនៅកំពង់សោមវិញ។ ឆ្នាំ១៩៧៣ លោកឪពុកបានបញ្ជូនប្អូនប្រុស អៀម បូវណ្ណារ៉ាក់ មកនៅភ្នំពេញជាមួយលោកតានៅទីក្រុងភ្នំពេញ ដើម្បីបានបន្តការសិក្សា។
ឆ្នាំ១៩៧៥ ពួកប៉ុលពតបានជម្លៀសគ្រួសារលោកស្រី អៀម បូលីវ៉ាទាំងអស់ទៅខេត្តកំពត។ លោកឪពុកអ្នកម្ដាយបានស្លាប់នៅក្នុងសម័យសង្គ្រាម។ ក្រោយពេលប្រទេសមានសន្តិភាព គ្រួសារលោកស្រី អៀម បូលីវ៉ា គឺនៅសល់តែលោកស្រី អៀម បូលីវ៉ាន់ និងប្អូនចំនួន៣នាក់ប៉ុណ្ណោះ។ ចំណែក ប្អូនប្រុសទី២ អៀម បូវណ្ណារ៉ាក់ បានបាត់ដំណឹងជាមួយនឹងគ្រួសារលោកតាលោកយាយដែលរស់នៅទីក្រុងភ្នំពេញតាំងពីឆ្នាំ១៩៧៥។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» បានស្វែងរកឃើញប្អូនប្រុសទី២ អៀម បូវណ្ណារ៉ាក់ និងសាច់ញាតិខាងម្ដាយដែលនៅមានជីវិតរស់ជាច្រើនទៀត។
សូមទស្សនាវីដេអូជួបជុំរបស់លោកស្រី អៀម បូលីវ៉ា ដូចខាងក្រោម!