លោកស្រី ផាត មានអ្នកម្ដាយឈ្មោះ រ៉ុម និងលោកឪពុកមិនចាំឈ្មោះ។ លោកស្រីចាំបានលោកស្រីប្រហែលជាមានបងប្អូនចំនួន៤នាក់ គឺបងប្រុសម្នាក់ឈ្មោះ រ៉េត បងស្រីម្នាក់ឈ្មោះ ម៉ុច និងប្អូនស្រីម្នាក់ទៀតមិនចាំឈ្មោះ។ លោកស្រី ផាត មិនបានចាំរឿងដែលបានកើតនៅមុនពេលមានសង្គ្រាម និងក្នុងកំឡុងពេលសង្គ្រាមនោះទេ។ លោកស្រីចាប់ផ្ដើមចាំបាននៅពេលដែលលោកស្រីបានធ្វើដំណើរជាមួយអ្នកម្ដាយ និងបងប្អូនត្រឡប់មកស្រុកកំណើត ក្រោយពេលប្រទេសមានសន្តិភាព។
ប្រហែលជាដើមឆ្នាំ១៩៧៩ នៅពេលធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញ លោកស្រី ផាត ចាំថាខ្លួនឯងមានកាន់សត្វមាន់មួយក្បាល កំសៀវមួយ និងកន្ទេលធ្វើពីស្លឹកត្នោតមួយ ចំណែកឯអ្នកម្ដាយមានរទេះរុនមួយ ដែលឃើញមានប្អូនស្រីកំពុងអង្គុយលើរទេះរុននោះ ហើយបងប្រុស និងបងស្រីដើរជិតៗលោកស្រី និងរទេះរុននោះដែរ។ លោកស្រីបានដឹងថា លោកឪពុកបានទទួលមរណភាពតាំងពីនៅក្នុងសម័យសង្គ្រាមមកម្ល៉េះ។ ពេលដើរមកដល់កន្លែងមួយ ដោយសារតែមានមនុស្សច្រើនកុះករ ច្របូកច្របល់ ហើយមិនដឹងជាមូលហេតុអ្វីបានធ្វើឲ្យលោកស្រីបែកគ្នាពីអ្នកម្ដាយ និងបងប្អូនទាំងអស់។ គួរឲ្យសោកស្ដាយណាស់ដែលលោកស្រី ផាត មិនចាំថាគ្រួសារលោកស្រីមានស្រុកកំណើតនៅទីណានោះទេ ប៉ុន្តែជាសំណាងល្អ ក្រោយពេលវង្វេងតែម្នាក់ឯងលោកស្រី ផាត ត្រូវបានលោកយាយម្នាក់រើសយកទៅចិញ្ចឹមទុកដូចជាកូនស្រីបង្កើត។
ក្រោយពេលប្រកាសដំណឹងស្វែងរកគ្រួសារលើកញ្ចក់ទូរទស្សន៍បាយ័ន ក្រុមការងារនៃកម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» បានស្វែងរកឃើញអ្នកម្ដាយ និងបងប្អូនចំនួន៤ ដែលកំពុងតែរស់នៅក្នុងខេត្តកំពង់ស្ពឺ។
សូមទស្សនាវីដេអូជួបជុំរបស់លោកស្រី ផាត ដូចខាងក្រោម!