មុនឆ្នាំ ១៩៧៥ គ្រួសារលោកស្រី កង ពៅ រស់នៅភូមិអូតូង សង្កាត់ចំរើនផល ខេត្តពោធិ៍សាត់។ គ្រួសារលោកស្រី កង ពៅ ជាគ្រួសារកសិករ។ គ្រួសារលោកស្រី កង ពៅ ត្រូវពួកប៉ុលពតជម្លៀសទៅរស់នៅខេត្តព្រះសីហនុ។ បន្ទាប់មក លោកស្រី កង ពៅ កូនស្រី សួ ស៊ីណា ត្រូវជម្លៀសទៅពេជ្រនិល។ ឆ្នាំ ១៩៧៩ ពេលប្រទេសត្រូវបានរំដោះ ស្វាមីរបស់លោកស្រីបានទៅរកកូនស្រីឈ្មោះ សួ ចាន់ ហៅ សន ដែរ ប៉ុន្តែពេលទៅដល់មានគេប្រាប់ថា កូនស្រីបានរត់ទៅតាមគេបាត់ហើយ។ បន្ទាប់មកគ្រួសារលោកស្រី កង ពៅ បានធ្វើដំណើរតាមផ្លូវជាតិលេខ ៥ សំដៅទៅស្រុកកំណើតនៅខេត្តពោធិ៍សាត់។
ក្រោយពេលទៅដល់ស្រុកកំណើតលោកស្រី កង ពៅ និងលោក ប៉េង សួ បានទុកកូនឲ្យនៅផ្ទះ ហើយលោកស្រី និងស្វាមីបានដើរតាមរកកូនស្រីនៅតាមផ្លូវជាតិលេខ៥ រហូតដល់បានជួបអ្នកដែលធ្លាប់ធ្វើការជាមួយលោកស្រី កង ពៅ ក្នុងកងចល័តនៅខេត្តកំពង់សោម បាននិយាយប្រាប់ថាលោកបានជួបនឹងកូនស្រីរបស់លោកស្រីឈ្មោះ សួ ចាន់ ហៅ សន នៅផ្លូវទៅខេត្តសៀមរាប ដោយនៅជាមួយគ្រួសារមួយមានបុរសឈ្មោះ ទុំ និងមានភរិយាឈ្មោះ ធុន។ ក្រោយមកលោកស្រី និងស្វាមី បានត្រលប់មកផ្ទះវិញ ព្រោះលោកស្រី និងស្វាមីគិតថាខេត្តសៀមរាប ធំណាស់ ហើយក៏មិនដឹងច្បាស់អំពីគ្រួសាររបស់លោក ទុំ និងលោកស្រី ធុន ដែរ។
ក្រោយពេលប្រកាសដំណឹងស្វែងរកលើទូរទស្សន៍បាយ័ន ក្រុមការងារ នៃកម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» បានស្វែងរកឃើញលោកស្រី សួ ចាន់ ហៅសន ដែលត្រូវជាកូនស្រីរបស់លោកស្រី កង ពៅ។ លោកស្រី សួ ចាន់ ហៅសន កំពុងតែរស់នៅខេត្តបន្ទាយមានជ័យ។
សូមទស្សនាវីដេអូជួបជុំរបស់លោកស្រី កង ពៅ ដូចខាងក្រោម!