លោក ជ័យ មានឪពុកឈ្មោះ ណុប ម្ដាយឈ្មោះ ទី និងមានបងប្អូនបង្កើតចំនួន ៤នាក់ ស្រី ១នាក់ រស់នៅភូមិដុក ស្រុកស្រែអំបិល ខេត្តកោះកុង។ លោក ជ័យបានដាក់ពាក្យមកស្វែងរកសមាជិកគ្រួសាររបស់លោកចំនួន៤នាក់ គឺ លោកឪពុកឈ្មោះ ណុប អ្នកម្ដាយឈ្មោះ ទី បងប្រុសទី១ ឈ្មោះ សុខ ប្អូនប្រុសទី៣ ឈ្មោះ ជេត និងប្អូនស្រីទី៤ ឈ្មោះ គង់។
លោក ជ័យ និងក្រុមគ្រួសាររស់នៅស្រុកកំណើតនៅភូមិដុក ស្រុកស្រែអំបិល ខេត្តកោះកុង ប្រកបរបរធ្វើស្រែចម្ការ។ ដោយសារលោកនៅក្មេងពេក លោកមិនចង់ចាំអ្វីច្រើននោះទេ លោកគ្រាន់តែចាំបានថា គ្រួសាររបស់លោករស់នៅក្នុងភូមិដុក ដែលមានប្រជាជនរស់នៅមិនច្រើននោះទេ ជាតំបន់ដាច់ស្រយាលមួយ។ ឆ្នាំ១៩៧៥ លោកបានគេឲ្យចេញពីគ្រួសារទៅរស់នៅស្រុកខ ហើយធ្វើការជាអ្នករត់សំបុត្រពីស្រុកខ ទៅស្រុកស្រែអំបិល រៀងរាល់ថ្ងៃ។ ចំណែកបងប្រុសទី១ ឈ្មោះ សុខ បានចូលធ្វើជាទាហានហើយបានបាត់ខ្លួនរហូត។ ពេលមានកងទ័ពរំដោះចូលមក លោកជ័យបានបន្តដំណើរតាមអ្នកភូមិរហូតទៅដល់ជំរំ។ ជាភព្វសំណាង លោក ជ័យ បានចេញទីរស់នៅក្នុងប្រទេសបារាំង ក្នុងនាមជាកុមារកំព្រា។ ក្រោយមកទៀត លោក ជ័យ បានត្រឡប់មកប្រទេសកម្ពុជាដើម្បីមកស្វែងរកដំណឹងសាច់ញាតិ ប៉ុន្តែមិនទទួលបានដំណឹងអ្វីសោះ ទើបលោកសម្រេចដាក់ពាក្យមកកម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន»។
ក្រោយពេលទទួលបានការដាក់ពាក្យពីលោក ជ័យ ក្រុមការងារបានចុះស្រាវជ្រាវនៅស្រុកស្រែអំបិល ខេត្តកោះកុង ដោយមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន។ តាមរយៈការស្រាវជ្រាវ ក្រុមការងារបានស្វែងរកឃើញដំណឹងប្អូនប្រុសតែម្នាក់គាត់ដែលនៅមានជីវិតរស់របស់លោកជ័យ។
សូមទស្សនាវីដេអូជួបជុំរបស់លោក ជ័យ ដូចខាងក្រោម!