លោកស្រី សែម វឿន ជាកូនស្រីច្បងនៅក្នុងគ្រួសារមួយដែលមានបងប្អូនពីនាក់។ នៅមុនសម័យសង្គ្រាម គ្រួសាររបស់លោកស្រីរស់នៅជួបជុំគ្នានៅក្នុងខេត្តតាកែវ។ នៅក្នុងកំឡុងឆ្នាំ១៩៧៥ លោកស្រីមានអាយុប្រហែល១០ឆ្នាំ។ ក្រោយមកនៅក្នុងសម័យសង្គ្រាម គ្រួសារលោកស្រីទាំងអស់ត្រូវបានពួកប៉ុលពតជម្លៀសទៅព្រំដែនវៀតណាម ក្នុងខេត្តតាកែវ។ ទៅរស់នៅទីនោះបានរយៈពេលប្រហែលមួយឆ្នាំ នៅឆ្នាំ ១៩៧៦ ម្ដាយលោកស្រីបានស្លាប់ដោយសារតែអត់អាហារ និងជំងឺទាស់ ដែលបណ្ដាលមកពីការធ្វើការធ្ងន់ហួសកម្លាំង។
ក្រោយពេលម្ដាយរបស់លោកស្រីបានស្លាប់ប្រហែលជា៣-៤ខែ កងទ័ពវៀតណាមបានវ៉ៃចូលតាមច្រកព្រំដែន បានធ្វើឲ្យលោកស្រី ប្អូនប្រុស និងឪពុកក៏ត្រូវបានកៀរឲ្យមករស់នៅភូមិត្រពាំងលើក និងបានរស់នៅជាមួយនឹងជីតាខាងម្ដាយរបស់លោកស្រី។ ពេលមកដល់ភូមិត្រពាំងលើក បានប្រហែល ៤-៥ថ្ងៃ ជីតារបស់លោកស្រី បានយកលោកស្រី និងប្អូនប្រុសទៅរស់នៅជាមួយម្ដាយមីងឈ្មោះ សែម លី ដែលត្រូវជាប្អូនស្រីរបស់ម្ដាយលោកស្រីនៅក្រុងព្រះសីហនុ។ ចាប់តាំងពីនោះមក លោកស្រីបានបែកពីឪពុក និងមិនដែលទទួលបានដំណឹងអ្វីសោះអំពីឪពុកលោកស្រី។ នៅក្នុងឆ្នាំ១៩៧៩ នៅពេលប្រទេសកម្ពុជាត្រូវបានរំដោះ និងមានស្ថានភាពច្របូកច្របល់ បានធ្វើឲ្យលោកស្រីបានបែកពីម្ដាយមីង និងប្អូនប្រុសរបស់លោកស្រីទៀត។
ក្រុមការងារនៃកម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» បានធ្វើការស្រាវជ្រាវតាមការទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន រហូតឈានដល់ការស្វែងរកឃើញគ្រួសាររបស់លោកស្រី សែម វឿន ដែលបានផ្លាស់ប្ដូរទីលំនៅពីភូមិកំណើតតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ។
សូមទស្សនាវីដេអូជួបជុំរបស់លោកស្រី សែម វឿន ដូចខាងក្រោម!