កញ្ញា កែវ ត្រូវបានគេលួចយកចេញពីផ្ទះ នៅពេលដែលកញ្ញាទើបតែមានអាយុ៦ឆ្នាំប៉ុណ្ណោះ។ នៅពេលនោះ កញ្ញាមិនបានចាំឈ្មោះរបស់ខ្លួនឯង និងឈ្មោះរបស់ឪពុកម្ដាយបងប្អូនឡើយ និងសូម្បីតែស្រុកកំណើតនៅឯណាក៏កញ្ញាចាំមិនបានដែរ។ កញ្ញាគ្រាន់តែចាំបានថា ស្រុកកំណើតរបស់ខ្លួនមានដើមកៅស៊ូច្រើនណាស់។
កញ្ញា កែវ បានចាប់ផ្ដើមជីវិតរស់នៅរសាត់អណ្ដែតជាមួយបុរសដែលបានលួចយកកញ្ញា ដោយរស់នៅកន្លែងនេះបន្តិច កន្លែងនោះបន្តិច ដើម្បីគេចចេញពីការតាមចាប់។ រហូតដល់កញ្ញាមានអាយុ២០ឆ្នាំ ទើបកញ្ញាបានរួចផុតពីគ្រួសាររបស់បុរសដែលលួចយកកញ្ញានោះ។ ការរស់នៅតែម្នាក់ឯងគ្មានសាច់ញាតិបានពង្រឹងគោលជំហររបស់កញ្ញាក្នុងការតស៊ូក្នុងជីវិតដ៏លំបាក តែប្រកបដោយសេចក្ដីថ្លៃថ្នូរ និងនៅតែមានក្ដីសង្ឃឹមថានៅថ្ងៃណាមួយ កញ្ញានឹងបានជួបជុំជាមួយគ្រួសាររបស់កញ្ញាវិញ។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» បានប្រកាសស្វែងរកគ្រួសាររបស់កញ្ញា តាមរយៈវិទ្យុបាយ័ន។ ក្រោយពីការប្រកាសស្វែងរកតែ៥ម៉ោងប៉ុណ្ណោះ កម្មវិធីបានស្វែងរកឃើញគ្រួសាររបស់កញ្ញា។ តាមពិត កញ្ញា មានឈ្មោះកំណើតហៅថា សេង ស្រីមុំ និងមានស្រុកកំណើតនៅភូមិឆ្លូង៣ ឃុំឡូពាន់ ស្រុកមេមុត ខេត្តកំពង់ចាម។
សូមទស្សនាវីដេអូជួបជុំគ្រួសាររបស់កញ្ញា សេង ស្រីមុំ ដូចខាងក្រោម!