សង្គ្រាមប្រល័យពូជសាសន៍ខ្មែរក្រហម បានប្រើទារុណកម្មយ៉ាងឃោរឃៅខ្លោចផ្សារ និងបានសម្លាប់ប្រជាជនកម្ពុជាជាង១.៥សែននាក់។ ទោះបីជាមិនត្រូវពួកខ្មែរក្រហមយកទៅសម្លាប់ក៏ ប្រជាជនកម្ពុជាមួយភាគធំបានស្លាប់ដោយសារតែត្រូវបង្ខំឲ្យធ្វើការធ្ងន់លើសកម្លាំង និងអត់អាហារ។ ដោយសារតែមូលហេតុនេះបានបង្ខំឲ្យប្រជាជនកម្ពុជាមួយចំនួនបានប្រថុយរត់គេចខ្លួនទៅរស់នៅលើទឹកដីជំរំ។
នៅពេល លោក ហង្ស សីហា មានអាយុ៣ខែ ឪពុករបស់លោកបានចាកចេញពីលោក និងម្ដាយ ទៅរស់នៅកន្លែងផ្សេង។ ចាប់តាំងពីនោះមក លោកមិនដែលបានស្គាល់មុខឪពុក ការស្រលាញ់ថ្នាក់ថ្នមរបស់ឪពុកដូចកុមារដ៏ទៃឡើយ។ ម្ដាយរបស់សីហា បានខិតខំតស៊ូ មិនខ្លាចនឿយហត់ មិនថាយប់ថ្ងៃ ដើម្បីចិញ្ចឹមកូនប្រុសម្នាក់នេះឲ្យធំធាត់ តែម្នាក់ឯង។
ក្រោយការប្រកាសស្វែងរកឪពុកលោក ហង្ស សីហា តាមរយៈវិទ្យុបាយ័ន រយៈពេលមួយសប្ដាហ៍រួចមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» បានស្វែងរកឃើញលោក អ៊ុន ហេង ដែលជាឪពុករបស់លោក ហង្ស សីហា។ លោក អ៊ុន ហេង មានទីលំនៅក្នុងខេត្តស្វាយរៀង។
មុនឆ្នាំ១៩៧៥ លោកស្រី ហង្ស ស៊ីយឿត ព្រមទាំងក្រុមគ្រួសាររស់នៅក្នុងភូមិគារ៣ ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ហើយមានឪពុកធ្វើទាហាន និងម្ដាយធ្វើស្រែ។ នៅខែមេសា ឆ្នាំ១៩៧៥ ក្រុមគ្រួសារលោកស្រី ហង្ស ស៊ីយឿត ត្រូវខ្មែរក្រហមជម្លៀសចេញពីភូមិ ហើយឪពុកម្ដាយរបស់លោកស្រី ហង្ស ស៊ីយឿត បានស្លាប់ដោយសារការបង្អត់បាយរបស់ពួកខ្មែរក្រហមក្នុងនៅឆ្នាំ១៩៧៥ ក្នុងភូមិជ្រៃ ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង និងបន្តរស់នៅទីនោះរហូតដល់ឆ្នាំ១៩៧៩។
ឆ្នាំចុង១៩៧៩ ពេលដែលប្រទេសត្រូវបានរំដោះ លោកស្រី ហង្ស ស៊ីយឿត បានទៅរស់នៅផ្ទះកំណើតរបស់គាត់តែម្នាក់ឯង ដើម្បីរង់ចាំជួបបងប្អូនញាតិសន្តានរបស់គាត់វិញ ដោយមានមុខរបរធ្វើស្រែ។ ក្រោយមកនៅឆ្នាំ១៩៨៤ លោកស្រី ហង្ស ស៊ីយឿត បានរត់ទៅនៅជំរុំសាយធូ ជាមួយបងស្រីឈ្មោះ ហង្ស ស៊ីយឿន ហើយនៅឆ្នាំ១៩៨៥ លោកស្រី ហង្ស ស៊ីយឿត ក៏បានជួបជាមួយលោក អ៊ុន ហេង ហៅ ចាន់ សារិទ្ធ និងបានរៀបការជាមួយគ្នា។ នៅឆ្នាំ១៩៨៦ លោកស្រី ហង្ស ស៊ីយឿត ប្រសូតបានកូនប្រុសមួយឈ្មោះ ហង្ស សីហា។ ពេល លោក ហង្ស សីហា មានអាយុប្រហែលជាមួយខួប ក៏ឪពុកបានបែកទៅនៅជំរុំមួយទៀតហៅ “ជំរុំដងរែក” ជាមួយប្រពន្ធម្នាក់ទៀត។ ចាប់តាំងពីពេលនោះមក ឪពុករបស់លោក ហង្ស សីហា មិនបានត្រឡប់មករកកូន និងប្រពន្ធទៀតឡើយរហូតដល់បច្ចុប្បន្ន។
សូមទស្សនាវីដេអូជួបជុំគ្រួសាររបស់លោក ហង្ស សីហា ដូចខាងក្រោម!