លោក ស៊ាំង សុវត្ថិ កើតក្នុងឆ្នាំ១៩៨៥ នៅក្នុងអូរបែកក្អម ក្រុងភ្នំពេញ។ លោក សុវត្ថិជាកូនទី៣នៃគ្រួសារមួយដែលកូនចំនួន៥នាក់។ ថ្ងៃមួយ ប្អូនស្រីម្ដាយរបស់លោកបាននាំយកលោកទៅរស់នៅឯខេត្តកំពង់សោម ដោយគាត់បានប្រាប់គាត់ថា យកទៅលេងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ២ ឬ៣ថ្ងៃក្រោយមក លោកបានសុំម្ដាយមីងមកផ្ទះវិញ តែគាត់បែរជាឆ្លើយថា ចាំ៣ឆ្នាំទៀត នៅជួយមើលកូនគាត់សិនទៅ។ នៅពេលនោះ លោកអាយុ៩ឆ្នាំ។ គ្រាន់តែបានឮពាក្យនេះ លោក សុវត្ថិបានលួចរត់ចេញពីផ្ទះក្នុងគោលបំណងត្រឡប់មកផ្ទះម្ដាយវិញ។ ប៉ុន្តែនៅពេលនោះ លោកស្ថិតនៅវ័យក្មេង និងមិនអាចចំណាំផ្លូវបាន លោកបានវង្វេងផ្លូវ និងវង្វេងពីក្រុមគ្រួសារចាប់តាំងពីពេលនោះមក។
ចាប់តាំងពីពេលនោះមក ជីវិតរបស់លោកបានរសាត់អណ្ដែត ដោយដើរសុំគេស្នាក់អាស្រ័យ។ សុវត្ថិត្រូវម្ចាស់ផ្ទះប្រើឲ្យធ្វើការសព្វបែបយ៉ាង និងមិនមានពេលសម្រាក និងប្រើទារុណកម្មយ៉ាងឃោរឃៅ ទោះបីជាគាត់នៅជាកុមារនៅឡើយក៏ដោយ។ ក្រោយមកនៅពេលលោកមានអាយុប្រហែលជា១៤ឆ្នាំលោកបានចេញទៅផ្សងព្រេងនៅប្រទេសថៃអស់១០ឆ្នាំ។ នៅក្នុងឆ្នាំ២០១០ លោកបានសម្រេចចិត្តវិលត្រឡប់មកប្រទេសកម្ពុជាវិញ ក្នុងគោលបំណងស្វែងរកគ្រួសារ។
លោកបានចំណាយប្រាក់ដែលលោករកបានទាំងអស់ ដើម្បីដើរស្វែងរកគ្រួសាររបស់លោកនៅតាមខេត្តមួយចំនួន ប៉ុន្តែការស្វែងរកដោយគ្មានតម្រុយ និងគ្មានបណ្ដាញស្វែងរកនេះ មិនបានធ្វើឲ្យលោកស្វែងរកឃើញគ្រួសាររបស់លោកទេ។ ក្រោយពីទទួលបានដំណឹងអំពីកម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ទើបលោកបានទំនាក់ទំនងមកដល់ការិយាល័យនៃកម្មវិធីដោយផ្ទាល់។ សូមទស្សនាវីដេអូ នៃការជួបជុំគ្រួសាររបស់លោក ស៊ាំង សុវត្ថិ!