ការផ្សាយពិសេសលលើកទី៣ នៃកម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» មាន លក្ខណៈពិសេសខុសពីការផ្សាយពិសេសកាលពី២លើកមុន។ ការផ្សាយពិសេសលើកទី៣នេះបង្ហាញជូនទស្សនិកជននូវដំណើររឿងរបស់ ប្រជាជនកម្ពុជា ចំនួន៤រូប ដែលសុទ្ធតែបានបែកបាក់ពីសាច់ញាតិតាំងពីពួកគាត់មានអាយុតិចជាង ១៥ឆ្នាំ នៅក្នុងសម័យសង្គ្រាមប្រល័យពូជសាសន៍ប៉ុល ពត។ រហូតមកដល់បច្ចុប្បន្ន ពួកគាត់ទាំង៤នៅតែមានក្ដីប្រាថ្នានៅថ្ងៃណាមួយ ពួកគាត់នឹងបានជួបជុំជាមួយសាច់ញាតិវិញ។ អ្វីដែលរឹតតែពិសេសនោះ គឺកម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» បានផ្ដល់ជូននូវការជួបជុំគ្រួសារជូនប្រជាជនកម្ពុជាចំនួន២គ្រួសារ។
ករណីលេខ ០៨៤ លោកស្រី ចាន់ ណាងស្វែងរកប្អូនស្រី
លោកស្រី ចាន់ ណាងជាកូនស្រីច្បងនៅក្នុងចំណោមបងប្អូន៤នាក់។ ឪពុកលោកស្រីឈ្មោះ ចៅ រី ម្ដាយឈ្មោះ ចាន់ សារឿន។ បងប្អូនបង្កើតរបស់លោកស្រី២នាក់បានស្លាប់តាំងពីមុនសម័យសង្គ្រាម ដោយនៅសល់តែលោកស្រី ចាន់ ណាង និងលោកស្រី ចាន់ ផល្លីប៉ុណ្ណោះ។ លោកស្រី ត្រូវបានប៉ុល ពត ជម្លៀសឲ្យទៅធ្វើការឆ្ងាយពីគ្រួសារ និងមានឱកាសតែម្ដងគត់មកលេងផ្ទះ។ នៅពេលប្រទេសកំពុងត្រូវបានរំដោះ លោកស្រីមិនអាចធ្វើដំណើរត្រឡប់មកស្រុកកំណើត ដើម្បីស្វែងរកគ្រួសារលោកស្រីបានទេ ពីព្រោះស្ថានភាពមានភាពជ្រួលច្របល់ និងគ្មានសុវត្ថិភាព។ លោកស្រីបានសម្រេចចិត្តធ្វើដំណើរតាមក្រុមដែលធ្វើការជាមួយគ្នា និងរត់រហូតដល់ខេត្តព្រះវិហារ។ នៅក្នុងពេលកំពុងរត់ លោកស្រីតែងស៊ើបដំណឹងអំពីឪពុកម្ដាយ និងប្អូនស្រីជានិច្ច ប៉ុន្តែគ្មានដំណឹងអ្វីទាំងអស់។
ការប្ដេជ្ញាស្វែងរកគ្រួសារជាធំរបស់លោកស្រី បានធ្វើឲ្យលោកស្រីសម្រេចចិត្តរៀបការជាមួយបុរសណាដែលក្លាហានជូន លោកស្រីត្រឡប់ទៅស្រុកកំណើតដើម្បីស្វែងរកគ្រួសារ។ លោក ឌី សុខគឿន ជាយុវជនក្លាហានដែលហ៊ានជូនលោកស្រី ចាន់ ណាង ត្រឡប់ទៅស្រុកកំណើត។ ប៉ុន្តែការប៉ងប្រាថ្នានេះនៅតែមិនបានសម្រេច ដោយសារតែពេលនោះតំបន់មួយចំនួននៅមិនទាន់ទទួលបានសន្តិភាពនៅឡើយ ទេ។ លោកស្រីក៏បានសម្រេចចិត្តកសាងគ្រួសារជាមួយលោក ឌី សុខគឿន និងរស់នៅលើទឹកដី នៃខេត្តព្រះវិហាររហូតមក។ នៅក្នុងឆ្នាំ២០០៧ លោកស្រី ចាន់ ណាង បានសម្រេចចិត្តធ្វើដំណើរត្រឡប់ទៅ ស្រុកកំណើតម្ដងទៀត។ លោកស្រីបានទៅដល់ទីតាំងផ្ទះរបស់លោកស្រីដែលនៅមានរូបរាងដូចកាលពី មុន ប៉ុន្តែក្ដីសប្បាយរីករាយបានរសាយបាត់នៅពេលលោកស្រីដឹងថា អ្នករស់នៅលើផ្ទះលោកស្រីមិនមែនជាសមាជិកគ្រួសារលោកស្រីឡើយ។ លោកស្រីបានទទួលដំណឹងថា ឪពុកម្ដាយលោកស្រីបានស្លាប់នៅក្នុងជំនាន់ប៉ុលពត។ ចំណែកប្អូនរបស់លោកស្រីកំពុងរស់នៅនៅភូមិទំនប់ដាច់ ខេត្តឧត្តរមានជ័យ។ ទោះបីជាលោកស្រីខំស្វះស្វែងរកប្អូនស្រីដល់ភូមិទំនប់ដាច់ក៏ដោយ ក៏លោកស្រីមិនមានភ័ព្វសំណាងស្វែងរកឃើញប្អូនស្រីដែលជាសាច់ញាតិ តែម្នាក់គត់ដែរនៅរស់។
ករណីលេខ០២៩ លោក ស៊ុន ភី ស្វែងរកគ្រួសារ
ការនិរាសព្រាត់ប្រាសពីសាច់ញាតិតាំងពីកុមារភាព បានធ្វើឲ្យលោក ស៊ុន ភី មិនបានចងចាំដំណើររឿងអំពីគ្រួសារ និងស្រុកកំណើតច្រើននោះទេ ជាហេតុធ្វើឲ្យលោកមិនអាចត្រឡប់ទៅរកគ្រួសារនៅឯស្រុកកំណើតវិញ បាន។ លោក ស៊ុន ភី មិនបានចងចាំថាផ្ទះរបស់លោកនៅស្រុកណា ខេត្តណានោះទេ លោកគ្រាន់តែចាំបានថាផ្ទះរបស់លោកនៅជាប់នឹងមាត់ទន្លេ។
លោកត្រូវបានបែកបាក់ពីក្រុមគ្រួសារតាំងពីអាយុប្រហែលជា៤ឆ្នាំ។ នៅខែមេសាឆ្នាំ១៩៧៥ ប៉ុល ពត បានជម្លៀសគ្រួសារលោក ស៊ុន ភី ចេញពីស្រុកកំណើតមកនៅធ្វើការក្នុងរោងចក្រស្លដែក នៅឫស្សីកែវ ទីក្រុងភ្នំពេញ។ មកដល់ឆ្នាំ១៩៧៦ គ្រួសារលោកក៏ត្រូវកងទ័ពខ្មែរក្រហមបញ្ជូនយកទៅដាក់គុកព្រៃស ទាំងអស់។ រយៈពេល៤ ទៅ៥ថ្ងៃក្រោយមក គេក៏បានបញ្ជូនលោក ស៊ុន ភី និងបងស្រីម្នាក់ឈ្មោះ ស៊ុន នឿន មកធ្វើការជាក្រុមកុមារបោសសម្អាតក្នុងព្រះបរមរាជវាំង និងវិមានឯករាជ្យ។ ចំណែកឯឪពុកម្ដាយ និងបងប្អូនរបស់លោកនៅក្នុងមន្ទីរឃុំឃាំងព្រៃសទាំងអស់។ ក្រោយពេលបែក លោក ស៊ុន ភី មិនបានដឹងថា ក្រុមគ្រួសាររបស់គាត់ត្រូវគេបញ្ជូនទៅទីណាទៀតនោះទេ។ នៅឆ្នាំ១៩៧៧ លោក ស៊ុន ភី និងបងស្រីក៏ត្រូវគេបញ្ជូនមកវៃថ្ម នៅភ្នំស ស្រុករមាស ខេត្តកំពត។ រហូតមកដល់ឆ្នាំ ១៩៧៨ កងទ័ពខ្មែរក្រហមក៏បញ្ជូនលោក ស៊ុន ភី និងបងស្រីមកនៅភូមិលាជ ខេត្តពោធិ៍សាត់ ដើម្បីលើកទំនប់ទៀត។ ក្នុងឆ្នាំ១៩៧៩ ពេលរំដោះ សភាពការណ៍ក៏ច្របូកច្របល់ ក៏ធ្វើឲ្យលោក ស៊ុន ភី បែកពីបងស្រី ស៊ុន នឿនទៀត ចំណែកលោក ស៊ុន ភី ត្រូវខ្មែរក្រហមកៀរឲ្យឡើងភ្នំក្រវាញឆ្ពោះទៅដល់ភូមិបាក់ចិញ្ចៀន អស់រយៈពេល១ខែ បន្ទាប់មករត់តាមប៉ុលពតទៅដល់ជំរំត្រាតព្រំដែនថៃ។ ៤ ទៅ៥ថ្ងៃក្រោយមក គេក៏បានបញ្ជូនប្រជាជនទាំងអស់មកស្រុកម៉ាល័យ ខេត្តបន្ទាយមានជ័យវិញ។ នៅពេលដែលរដ្ឋាភិបាលខ្មែរបានធ្វើសមាហរណកម្ម បានធ្វើឲ្យប្រជាជនដែលរស់នៅក្នុងតំបន់នោះហាក់បានចាប់កំណើតឡើង វិញ និងបានកសាងជីវភាព និងបានចូលរួមនៅក្នុងការអភិវឌ្ឍន៍សង្គម។ លោក ស៊ុន ភី ក៏បានប្រកបរបរជាកសិករ និងបន្តរស់នៅលើទឹកដីនោះរហូតដល់បច្ចុប្បន្ន។
ការរស់នៅតែម្នាក់ឯងគ្មានសាច់ញាតិ និងការរស់នៅក្នុងភាពស្រពិចស្រពិលអំពីសាវតាររបស់ខ្លួន តែងតែធ្វើឲ្យលោក ស៊ុន ភី ក្ដុកក្ដួលក្នុងចិត្តស្ទើររាល់ថ្ងៃ ជាពិសេសនៅពេលលោកបានឃើញគ្រួសារអ្នកជិតខាងជួបជុំគ្នាសប្បាយ រីករាយ។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ដោយមានកិច្ចសហការពីក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូន និងអាជ្ញាធរមូលដ្ឋានបានស្វែងរកឃើញគ្រួសារជូនលោក ស៊ុន ភី និងលោកស្រី ចាន់ ណាង។ សូមទស្សនាខ្សែវីដេអូអំពីការផ្សាយពិសេសខាងក្រោម!
សូមទស្សនាដំណើររឿង និងការជួបជុំគ្រួសាររបស់លោក ស៊ុន ភី និងលោកស្រី ចាន់ ណាង។