ទិដ្ឋភាព ដ៏គួអោយតក់ស្លុតនៅក្នុងរបរប៉ុលពត បានធ្វើអោយអារម្មណ៍របស់ប្រជាជនកម្ពុជារាប់លាននាក់ នៅតែដក់ជាប់ក្នុងក្រអៅបេះដូង។ ការនិរាសព្រាត់ប្រាស់ ពីឪពុកម្ដាយ សាច់ញាតិ និងបងប្អូនជាទីស្រលាញ់ ធ្វើអោយប្រជាជនជាច្រើននាក់ កំពុងទន្ទឹងរង់ចាំពីការជួបជុំបងប្អូនជាថ្មី ដោយមិនដឹងថាពេលណានឹងត្រូវបានជួបជុំនោះទេ។ កម្មវិធី មនុស្សធម៌ «នេះមិនមែនជាសុបិន» បានបំពេញក្ដីបំណងប្រាថ្នា របស់ប្រជាជនកម្ពុជាដែលបែកបាក់បងប្អូនជាបន្តរបន្ទាប់។ លោកស្រី សុខ ខេង បានស្វែងរកឃើញប្អូនស្រីធម៌ ឈ្មោះ អាន ថន ដោយភាពរំភើប រីករាយ រកអ្វីនិយាយមិនត្រូវ។
លោកស្រី សុខ ខេង មានស្រុកកំណើតនៅ ភូមិព្រែកតាពៅ ឃុំតាខ្មៅ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ នៅមុនឆ្នាំ១៩៧៥ លោកស្រី សុខខេង បានទៅលេងក្រុងព្រះសីហនុជាមួយមិត្តភ័ក្ដិ លុះពេលត្រលប់មកវិញស្របពេលដែលប៉ុលពតចូលមកដល់គឺនៅថ្ងៃទី ១៧មេសា។ នៅពាក់កណ្ដាលផ្លូវលោកស្រី សុខ ខេង ត្រូវបានពួកប៉ុលពតស្ទាក់ផ្លូវ នៅម្ដុំស្រុកព្រៃនប់ ហើយគាត់ក៏បានរស់នៅទីនោះអស់រយៈពេលបីឆ្នាំ ប្រាំបីខែ ធ្វើជាកងចល័ត ហើយស្របពេលនោះគាត់ក៏បានជួបជាមួយនឹងក្រុមគ្រួសាររបស់ លោកស្រី ថន ហើយក៏បានរាប់អានគ្នាជាបងប្អូនធម៌។ នៅឆ្នាំ១៩៧៩ ក្រោយពេលរំដោះ លោកស្រី សុខ ខេង ក៏បានត្រលប់មករកបងប្អូននៅឯស្រុកកំណើតវិញ។ ជាភព្វសំណាងល្អលោកស្រីក៏បានជួបជុំជាមួយក្រុមគ្រួសារនិងរស់នៅ ដោយភាពកក់ក្ដៅជាថ្មី។ ប៉ុន្តែលោកស្រីបានបែកពីក្រុមគ្រួសារលោកស្រី ថន ដែលត្រូវជាប្អូនស្រីធម៌ រហូតមក។ លោកស្រីក៏បានខិតខំស្វះស្វែងរកប្អូនស្រីធម៌ ថន ដែរ ប៉ុន្តែគ្មានតម្រុយ និង ដំណឹងអ្វីសោះ។ ចុងក្រោយលោកស្រីក៏បានមកដាក់ពាក្យពឹងពាក់កម្មវិធីមនុស្សធម៌ នេះមិនមែនជាសុបិន អោយជួយស្វែងរកប្អូនស្រីធម៌របស់ខ្លួន។
នៅថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែតុលា ឆ្នាំ២០១០ ការជួបជុំដ៏អស្ចារ្យនៅក្នុងកម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» បានបង្កើតអោយមានកម្មវិធីជួបជុំមួយសម្រាប់លោកស្រី សុខ ខេង ដែលបានរកឃើញប្អូនស្រីធម៌ ឈ្មោះ ថន។ ការរំភើបចិត្ត និងការនិយាយរៀបរាប់ពីក្ដីនឹករលឹកទាំងអួលដើមករបស់លោកស្រី សុខ ខេង ត្រូវបានបង្ហាញអោយទស្សនិកជនឃើញនៅលើវេទិការក្នុងស្ថានីយ៍ទូរទស្សន៍បាយ័ន។
សូមទស្សនាដំណើររឿង និងការជួបជុំប្អូនស្រីធម៌ររបស់លោកស្រី សុខ ខេង។