មុនសម័យសង្គ្រាម គ្រួសារលោក ម៉ែន សម្បត្តិ រស់នៅជុំគ្នានៅភូមិបន្ទាយចាស់ ឃុំអូរអំបិល ស្រុកសិរីសោភ័ណ ខេត្តបាត់ដំបង។ លោកឪពុកជាគ្រូបង្រៀន និងក្រោយមកក៏ធ្វើជាទាហានបម្រើការក្នុងកងពលលេខ ១១។
ឆ្នាំ១៩៧៤ គ្រួសារលោក ម៉ែន សម្បត្តិ ត្រូវផ្លាស់ទៅរស់នៅក្នុងបន្ទាយកែង ខេត្តកំពង់ធំ។ នៅទីនោះបានប្រហែល៦ខែ លោកឪពុកបានយកលោក ម៉ែន សម្បត្តិ ឲ្យទៅរស់នៅជាមួយលោកឪពុកមាឈ្មោះ ឡុង ខុន នៅទីក្រុងភ្នំពេញ ដើម្បីបន្តការសិក្សា។
១៧មេសា១៩៧៥ ប៉ុលពតបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ ដែលធ្វើឲ្យគ្រួសារដែលរស់នៅក្នុងខេត្តកំពង់ធំបានបាត់ដំណឹងកូនប្រុសទី១ឈ្មោះ ម៉ែន សម្បត្តិ រហូតមកដល់បច្ចុប្បន្ន។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរកលោកស្រី ម៉ែន សឿន និងលោកស្រី ម៉ែន សុន ដែលបានបែកគ្នានៅក្នុងឆ្នាំ១៩៧៥។ ប្រសិនបើលោកស្រី ម៉ែន សឿន និងលោកស្រី ម៉ែន សុន បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទាក់ទងមកកម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាមរយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្មឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរកសាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀតនៅក្រោយសម័យសង្គ្រាម។ សូមទាក់ទងមកកម្មវិធីយើងខ្ញុំតាមរយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទាក់ទងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕