លោកស្រី ខឿន វណ្ណា មានលោកឪពុកឈ្មោះ ខឿន អ្នកម្ដាយឈ្មោះ សាយ និងមានបងប្អូនចំនួន២នាក់។ លោកស្រី ខឿន វណ្ណា ជាកូនទី១ និងប្អូនប្រុសទី២ឈ្មោះ ខឿន វុត្ថា។
ឆ្នាំ១៩៧៥ គ្រួសារលោកស្រី ខឿន វណ្ណា ត្រូវគេជម្លៀសចេញពីទីក្រុងភ្នំពេញទៅកាន់ភូមិស្វាយព្រៃ រួចបន្តទៅភ្នំលាចរហូតដល់ប្រទេសត្រូវបានរំដោះ។
ឆ្នាំ១៩៧៩ នៅពេលកងទ័ពកំពុងរំដោះប្រទេស គ្រួសារលោកស្រី ខឿន វណ្ណា បានធ្វើដំណើរចេញពីភ្នំលាច គ្រួសារលោកស្រីមានគោមួយនឹមសម្រាប់អូសរទេះ។ នៅពេលធ្វើដំណើរតាមផ្លូវក៏បានជួបកងទ័ពរំដោះ និងបានឈប់សម្រាកនៅទីនោះ។ ក្រោយមកគ្រួសារបានបន្តធ្វើដំណើរចេញទៅមុខទៀត លោកស្រីជាអ្នកកាន់ខ្សែគោ។ នៅតាមផ្លូវ ដោយសារតែមានមនុស្សយ៉ាងច្រើនកុះករ បានធ្វើឲ្យលោកស្រី ខឿន វណ្ណា បានវង្វេងបែកពីគ្រួសារ។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរកលោកស្រី សាយ និងលោក ខឿន វុត្ថា ដែលបានបែកគ្នានៅឆ្នាំ១៩៧៩ ។ ប្រសិនបើ លោកស្រី សាយ និងលោក ខឿន វុត្ថា បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទាក់ទងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាមរយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀត នៅក្រោយសម័យសង្គ្រាម។ សូមទាក់ទងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទាក់ទងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕