លោកស្រី សេង ប៊ុនថន មានលោកឪពុកឈ្មោះ ឈុន ឈិន អ្នកម្ដាយឈ្មោះ សេង ឈន និងមានបងប្អូនចំនួន៦នាក់។ បងស្រីទី១ឈ្មោះ សេង ម៉េង បងស្រីទី២ឈ្មោះ សេង ង៉ាន លោកស្រី សេង ប៊ុនថន ជាកូនស្រីទី៣ ប្អូនស្រីទី៤ឈ្មោះ សេង អើង ប្អូនស្រីទី៥ឈ្មោះ សេង ចាន់ពៅ និងប្អូនប្រុសទី៦ឈ្មោះ សេង សុខចន។
មុនឆ្នាំ១៩៧៥ គ្រួសារលោកស្រី សេង ប៊ុនថន បានចេញពីស្រុកកំណើតមកនៅអូរត្រេះក្នុងខេត្តព្រះសីហនុ ដោយលោកឪពុកអ្នកម្ដាយជាអ្នកលក់ចាបហួយ។
ឆ្នាំ១៩៧៥ គ្រួសារលោកស្រី សេង ប៊ុនថន ត្រូវបានពួកប៉ុលពតជម្លៀសចេញទៅភូមិអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ឆ្នាំ១៩៧៧ លោកឪពុក និងបងប្អូន៣នាក់ ត្រូវពួកប៉ុលពតយកទៅសម្លាប់ ចំណែកលោកស្រី សេង ប៊ុនថន រស់នៅកងចល័តនៅឯអូរតាប៉ោង ស្រុកព្រៃនប់ ចំណែកប្អូនប្រុសពៅឈ្មោះ សេង សុខចន រស់នៅកងកុមារក្នុងភូមិអូរតាសេក ស្រុកព្រៃនប់។
ឆ្នាំ១៩៧៩ ពេលកងទ័ពចូលរំដោះ លោកស្រី សេង ប៊ុនថន បានរត់ពីកងចល័តតែម្នាក់ឯងមកទីក្រុងភ្នំពេញ និងបានត្រឡប់ទៅស្វែងរកប្អូនប្រុសនៅខេត្តកំពង់សោម ប៉ុន្តែគ្មានទទួលបានដំណឹងរបស់ប្អូនប្រុសនោះទេ។ ចាប់តាំងពីនោះមក លោកស្រី សេង ប៊ុនថន បានបាត់ដំណឹងពីប្អូនស្រី សេង សុខចន រហូត ។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរកលោកស្រី សេង សុខចន ដែលបានបាត់ដំណឹងនៅឆ្នាំ១៩៧៩ ។ ប្រសិនបើ លោកស្រី សេង សុខចន បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទាក់ទងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាមរយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀត នៅក្រោយសម័យសង្គ្រាម។ សូមទាក់ទងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទាក់ទងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕