លោកស្រី ហូ លីលី មានលោកឪពុកឈ្មោះ ឡាយ អាង អ្នកម្ដាយឈ្មោះ វ៉េង និងមានបងប្អូនចំនួន៥នាក់។ បងស្រីទី១ឈ្មោះ ម៉ាយ បងស្រីទី២ឈ្មោះ សុម៉ារី បងប្រុសទី៣ឈ្មោះ ប៊ិកណា បងប្រុសទី៤ឈ្មោះ វ៉ាង និងលោកស្រី ហូ លីលី ជាកូនទី៥។
នៅជំនាន់លន់នល់ លោកតាលោកយាយខាងលោកឪពុកលោកស្រីមានមុខរបរជាអ្នកលក់ថ្នាំជក់នៅផ្សារថ្មី។ ដោយមានបញ្ហាក្នុងគ្រួសារ ម្ដាយលោកស្រី ហូ លីលី បានចិត្តនាំលោកស្រី ហូ លីលី ចេញពីផ្ទះ តែពីរនាក់ម្ដាយ និងបានទៅរស់នៅម្ដុំគល់ស្ពានជ្រោយចង្វារ។ ចំណែកបងស្រីទី ១ ឈ្មោះ ម៉ាយ បានរៀបការ និងបែកផ្ទះនៅផ្សេង។ បងស្រីទី២ឈ្មោះ សុម៉ារី ចេញទៅធ្វើការផ្ទះឲ្យគេ និងបងប្រុសទី ៣ ឈ្មោះ ប៊ិកណា និង បងប្រុសទី ៤ ឈ្មោះ វ៉ាង ត្រូវបានអ៊ំប្រុសម្នាក់ធ្វើការអគ្គិសនីនៅវត្តភ្នំបានសុំម្ដាយលោកស្រីយកទៅចិញ្ចឹម។ បន្ទាប់ពីប្រទេសកម្ពុជាត្រូវធ្លាក់ក្នុងសម័យសង្គ្រាមក្នុងឆ្នាំ១៩៧៥មក លោកស្រី ហូ លីលី បានបាត់ដំណឹងលោកឪពុក និងបងប្រុសស្រី រហូតមកដល់សព្វថ្ងៃ។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរកលោក ឡាយ អាង លោកស្រី ម៉ាយ លោកស្រី សុម៉ារី លោក ប៊ិកណា និងលោក វ៉ាង ដែលបានបែកគ្នានៅឆ្នាំ១៩៧៥។ ប្រសិនបើ លោក ឡាយ អាង លោកស្រី ម៉ាយ លោកស្រី សុម៉ារី លោក ប៊ិកណា និងលោក វ៉ាង បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទាក់ទងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាមរយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀត នៅក្រោយសម័យសង្គ្រាម។ សូមទាក់ទងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទាក់ទងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕