លោកស្រី ចាន់ ណាង មានស្រុកកំណើតនៅភូមិត្រពាំងក្រហម ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។ លោកស្រី ចាន់ ណាង មានលោកឪពុកឈ្មោះ ចៅ រី អ្នកម្ដាយឈ្មោះ ចាន់ សារឿន និងមានបងប្អូន៤នាក់។ លោកស្រី ចាន់ ណាង ជាកូនទី១ ប្អូនប្រុសទី២ឈ្មោះ ចាន់ ផា ប្អូនទី៣មិនចាំឈ្មោះ និងប្អូនស្រីទី៤ឈ្មោះ ចាន់ ផល្លី។
មុនឆ្នាំ១៩៧៥ គ្រួសារលោកស្រី ចាន់ ណាង រស់នៅជុំគ្នា ខេត្តរតនគិរី ។ ឆ្នាំ១៩៧៦ ទាហានប៉ុលពតបានចូលកាន់កាប់ក្នុងខេត្តរតនគិរី។ គ្រួសារលោកស្រីមិនត្រូវបានទាហានប៉ុលពតជម្លៀសចេញពីស្រុកកំណើតនោះទេ ប៉ុន្តែលោកស្រី ចាន់ ណាង ត្រូវបានទាហានប៉ុលពតយកទៅជៀជ័រកៅស៊ូនៅចម្ការកៅស៊ូ ដែលមានចម្ងាយពីភូមិប្រមាណ៧០ទៅ៨០គីឡូម៉ែត។
ឆ្នាំ១៩៧៧ លោកស្រី ចាន់ ណាង បានសុំច្បាប់ទាហានប៉ុលពតមកលេងស្រុកកំណើតបាន១យប់ ដោយមានប្រធានដឹកនាំ ឈ្មោះ យ៉ុត ទៅជាមួយដែរ។ លោកស្រី ចាន់ ណាងបានជួបជាមួយឪពុកម្ដាយ និងបងប្អូននៅទីនោះ រួចក៏ត្រឡប់មកវិញនៅទៀបភ្លឺ។ ចាប់ពីពេលនោះមក លោកស្រី ចាន់ ណាង បានបែកពីគ្រួសាររហូតមកដល់សព្វថ្ងៃ។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» សូមប្រកាសស្វែងរកលោកស្រី ចាន់ ផល្លី ដែលបានបែកគ្នានៅឆ្នាំ១៩៧៩។ ប្រសិនបើ លោកស្រី ចាន់ ផល្លី បានឃើញការប្រកាសស្វែងរក ឬលោកអ្នកដែលបានដឹងដំណឹងនេះ សូមទាក់ទងមក កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» តាមរយៈទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧។
កម្មវិធីមនុស្សធម៌ «នេះមិនមែនជាសុបិន» ផ្ដល់សេវាកម្ម ឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងការស្វែងរក សាច់ញាតិ ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឬបានបែកគ្នាដោយសារមូលហេតុផ្សេងៗជាច្រើនទៀត នៅក្រោយសម័យសង្គ្រាម។ សូមទាក់ទងមកកម្មវិធីយើងខ្ញុំតាមទូរស័ព្ទលេខ ០៩៧៥ ០៩៧ ០៩៧ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១២ថ្ងៃត្រង់ និងម៉ោង២ដល់ម៉ោង៥ល្ងាច ឬមកទាក់ទងដោយផ្ទាល់នៅអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន៕